ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អរគុណចំពោះសារអបអរសាទរ និងប្តេជ្ញាចិត្តប្រឹងប្រែងបំពេញការងារបម្រើជាតិ និងប្រជាជន

ដោយ :www.schotnews.com

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ​ ចំពោះ​សារ​អប​អរសាទរទាំងឡាយ ក្រោយពីឯកឧត្តមត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់​តាំង ​ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣បែបនេះ «ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តម​ លោក​ជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរ​ចំពោះរូបខ្ញុំ ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។

ឯកឧត្តមបណ្ឌិត បានចាត់ទុកសារអបអរសាទរនេះ គឺជាការលើកទឹកចិត្តដ៏មហិមា​ចំពោះឯកឧត្តម។ ទន្ទឹមនឹងការថ្លែងអំណរគុណ ចំពោះសារអបអរសាទរនេះ ឯកឧត្តម បានប្តេជ្ញាចិត្តខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម​ថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាឱ្យបានជាដាច់ខាត នូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេស ប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែសីហា​ ឆ្នាំ២០២៣ ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។ ការចាត់តាំងនេះ ដើម្បីផ្តល់លទ្ធភាពជូនឯកឧត្តម រៀបចំសមាសភាពគណៈរដ្ឋមន្ត្រី ដើម្បីសុំការគាំទ្រពីរដ្ឋសភានាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

ការត្រាស់បង្គាប់ចាត់តាំងនេះ មន្ត្រីរាជការគ្រប់ឋានៈនុក្រម កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានសម្តែនូវការអបអរសាទរ និងគាំទ្រយ៉ាងមុតមាំទៅលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕


No comments