ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គាំទ្រយ៉ាងមុះមុតនូវគោលនយោបាយកែទម្រង់ និងបង្ហាញឆន្ទៈក្នុងការពន្លឿនយន្តការប្រឡងមន្ត្រីរាជការថ្នាក់ជាតិឲ្យសម្រេចឆាប់រហ័ស

ដោយ :www.schotnews.com

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ជំហរគាំទ្រយ៉ាងមុះមុតនូវគោលនយោបាយកំណែទម្រង់ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពន្លឿនយន្ដការប្រឡងមន្ដ្រីរាជការថ្នាក់ជាតិឲ្យសម្រេចឆាប់រហ័ស។

ការប្រកាសរបស់លោក ហ៊ុន ម៉ានី នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងជំនួបជាមួយកម្មករ កម្មការិនី ប្រមាណជិត២ម៉ឺននាក់ កាលពីព្រឹកមិញ បានប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»។

តាមរយៈ Facebook ផ្លូវការនៅរសៀលនេះ លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖

«ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថានឹងរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រលងយន្តការថ្នាក់កណ្ដាល ដែលសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបាននូវសង្គតភាព ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបានអ្នកចេះគឺជាប់។

ថ្លែងក្នុងពិធីពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្តេចបានអំពាវនាវបន្ថែមទៀតថា «ដើម្បីឲ្យកិច្ចការកំណែទម្រង់មានប្រសិទ្ធិភាព ត្រូវមានការដាច់ខាត ប្តេជ្ញាធ្វើទាំងអស់គ្នា ហើយបង្ហាញឲ្យឃើញពីឆន្ទៈ និងការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើ ហ៊ានអាកាត់ ហ៊ានវះកាត់ ហើយជាពិសេសហ៊ានអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានសម្រេច»

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយស ដោយបានក្លាយជាផ្នែកមួយ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចការកំណែទម្រង់វិស័យមុខងារសាធារណៈ។ ក្នុងន័យនេះ ខ្ញុំគាំទ្រឥតងាករេ លើប្រសាសន៍ និងគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងពន្លឿនយន្តការដ៏មានសារៈសំខាន់នេះ ឲ្យសម្រេចបានកាន់តែឆាប់រហ័ស»៕

No comments