ដំណើរការជួសជុលកំពង់ទឹករបស់ស្ពានហាល នៃប្រាសាទអង្គរវត្ត សម្រេចបានប្រមាណ៧៥ភាគរយហើយ
លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត ឱ្យដឹងថា គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមរយៈ ពេលជាង៦ខែមកនេះ បានធ្វើការងារជាច្រើនដូចជា រៀបជញ្ជាំង ចាក់បេតុង បុកបង្ហាប់ដីនៅ គ្រឹះរបស់កំពង់ទឹកឡើងវិញជាដើមនោះ គឺបានឈានទៅដល់ជិតរួចរាល់។
អ្នកជំនាញរូបនេះ បន្តថា ការងារជួសជុលកំពង់ទឹកនេះ គឺដំណាក់កាលដំបូងត្រូវសិក្សា ស្រាវជ្រាវវាយតម្លៃលើ ការខូចខាត និងវិធីសាស្រ្តជួសជុលតាំងពីឆ្នាំ២០២១មក ចំណែកឯសកម្មភាពជួសជុលបាន ចាប់ផ្តើមកាលពីដើមឆ្នាំ២០២២ ហើយកំពុងបន្តរហូតមកដល់សព្វថ្ងៃនេះ។
អ្នកជំនាញនៃការងារជួសជុលរូបនេះបន្តឱ្យដឹងថា កំពង់ទឹករបស់ស្ពានហាលនៃ ប្រាសាទអង្គរវត្ត មានការខូចខាតជាខ្លាំង ជាពិសេសរចនាសម្ពន្ធរបស់កំពង់ទឹកផ្នែកខាង ជើង។ ចំណែកគ្រឹះផ្នែកត្រង់របស់ស្ពានហាល និងកំពង់ទឹកវិញ គឺថ្មបាយក្រៀម មានសភាព ពុកផុយខ្លាំង តាំងពីកាំថ្មទី១ដល់កាំទី៤។ ជញ្ជាំងផ្នែកខាងជើងរបស់ស្ពានហាលទ្រុឌ ទ្រោមខ្លាំង បានរលុះធ្លាក់ចូលទៅក្នុងកសិន្ធុស្ទើរតែទាំងស្រុង។
ជញ្ជាំងផ្នែកខាងលិច និងខាង កើតក៏មានសភាពហែកចេញពីគ្នាដែរ។ ក្នុងការងារជួសជុលកំពង់ទឹករបស់ស្ពានហាលនៃ ប្រាសាទអង្គរវត្តឡើងវិញនេះ គឺតម្រូវឱ្យរុះរើជញ្ជាំងផ្នែកខ្លះដែលពុកផុយខ្លាំង ហើយចាក់ បេតុងផ្នែកខាងក្នុងដើម្បីពង្រឹងគុណភាពជញ្ជាំងឡើងវិញ។រីឯផ្នែកខាងត្បូង ដែលខិតជិតមកផ្នែកត្រង់របស់ស្ពានហាល គឺជញ្ជាំងនៅមាន ស្ថានភាពល្អ និងបានរក្សាទុកដដែល ដោយគោរពទៅតាមគោលការណ៍របស់ គណៈកម្មា ធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ។
លោក អន សុភាព ឱ្យដឹងទៀតថា កំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្តមាន ទំហំ១២ម៉ែត្របួនជ្រុង និងមានសណ្ឋានដូចគ្នាទៅនឹងកំពង់ទឹកផ្នែកខាងត្បូងដែរ ហើយក្រុម ការងារនឹងខិតខំប្រឹងប្រែងជួសជុល ដើម្បីឈានទៅបញ្ចប់នៅបំណាច់ ឆ្នាំ២០២២ ខាងមុខ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNXF0QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--972acf9fefd3b8bbfbaf02f9205076209896893b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/0907A5A3-EB52-43DD-89FA-6B1DE79.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNXV0QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b2db136204ee69ee7ed82f88269bc7142161a5d8/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/A540B7F5-CE58-4278-89F7-2AADB65.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNTJ0QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c0cd46c6610cfec4e0e88d1d97851e1abf8fbcbb/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/352034B1-0725-4535-BABD-B0D740B.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNXl0QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--95364f0f95b794324f9ecfcf1031d00fb3a20cff/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/CDA42AD1-DBBA-4D94-BD92-BECCA57.jpeg)
ដោយ ឃុត សៅ:សម្រួលដោយ:dara
No comments