ទីតាំងល្បែងស៊ីសង មាន់ជល់តាមអនឡាញ នៅឃុំនរាស្រុកសង្កែ កំពុងបើកលេងយ៉ាងសកម្មក្រោមភ្នែកនាយប៉ុស្តិរដ្ឋបាលនរា ក្រូច ណារ៉ុង និងអធិការនគបាលស្រុកសង្កែ យុត តុងហូ
ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឲ្យដឹងថា បច្ចុប្បន្ននេះល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ នៅក្នុងភូមិនានាជាពិសេសនៅភូមិនរា២ នៃឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងតែបើកលេងយ៉ាងសកម្មនិងជាចំហ នៅគ្រាដែលអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជានាំគ្នាព្រមព្រៀងរក្សាភាពស្ងៀមស្ងាត់ ធ្វើ មិនដឹងមិនឮ។ មន្ត្រីមានសមត្ថកិច្ច ដូចជានាយប៉ុស្តិរដ្ឋបាលនរា ក្រូច ណារ៉ុងនិងអធិការនគបាលស្រុកសង្កែ យុត តុងហូ ធ្វើមិនដឹងមិនឮ ដែលនាំឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យជាខ្លាំង។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ជាទូទៅគេតែងតែសង្កេតឃើញក្រុម អ្នកញៀនល្បែងនាំគ្នាពពាក់ពពូន ចូលទៅលេង ល្បែង ស៊ីសងមាន់ជល់អនឡាញ យ៉ាងគគ្រឹកគគ្រេងជារៀង រាល់ថ្ងៃ។ បើទោះជាប្រជាពលរដ្ឋ ព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ ក្នុងមូលដ្ឋានយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលធ្វើហាក់ដូចជាមិនមានរឿងអ្វីកើតឡើង។
ប្រជាពលរដ្ឋមានចម្ងល់ នៅគ្រាដែលល្បែងស៊ីសងមាន់ ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានបិទ តែទីតាំងមាន់ជល់អនឡាញខាងលើនេះ ហេតុ អ្វីបានជាអាចបើកដំណើរការបានដោយរលូន ។ ព្រោះ តែដំណើរការនៃការលេងល្បែងជល់មាន់អនឡាញ ខាង លើនេះ ប្រព្រឹត្តទៅយ៉ាងរលូននោះហើយ ទើបប្រជាពល រដ្ឋនៅក្នុងមូលដ្ឋានខាងលើ ចេះតែមានមន្ទិលសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ច អាចត្រូវរូវជាមួយម្ចាស់ទីតាំងទេដឹងបានជាដំណើរការល្អយ៉ាងនេះ?
ពលរដ្ឋខ្លះនិយាយថា ម្ចាស់ទីតាំងមានបារមីហើយមើល ទៅ ទើបអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកសង្កែរក្សាភាពស្ងៀមស្ងាត់យ៉ាងត្រជាក់ល្ហឹមយ៉ាងនេះ។ ពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាង លើនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសំណូមពរដល់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្ត បាត់ដំបង យកចិត្តទុកដាក់ចាត់មន្ត្រីជំនាញ ចុះពិនិត្យស្រាវជ្រាវទីតាំងខាងលើនេះផង ដើម្បីយកមកអនុវត្តច្បាប់និងបង្ក្រាបទីតាំងមាន់ជល់អនឡាញនៅចំណុចផ្ទះតារាងបាល់ ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕
No comments