រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យប្រជាសហគមន៍ដាំដើមឈើ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ
ភ្នំពេញ ៖ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឱ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរទស្សនកិច្ចចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោមនៅថ្ងៃថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងទី០៣ ខែកញ្ញា ឆ្នាំ២០២៣។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានអះអាងថា សហគមន៍បានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដោយមិនមានទៀតទេការកាប់រានព្រៃ ឬការដកហូតអនុផលេព្រៃឈើលើសលប់ក៏មិនមានដែរ ។ តំបន់នេះ កំពុងមានការចាប់អារម្មណ៍ ខ្លាំងពីភ្ញៀវទេសចរជាតិ ភ្ញៀវទេសចរបរទេស ក្នុងការមកទស្សនាធនធានធម្មជាតិ ដែលរួមមាន៖ ទឹកជ្រោះ, ទេសភាពដងព្រែក, ភូមិបុរាណ, និងការជិះទូកលេងកម្សាន្ត ហើយប្រជាសហគមន៍កំពុងទទួលបានចំណូល តាមរយៈវិស័យទេសចរណ៍ធម្មជាតិនេះ។ លោកបន្តថា តែទន្ទឹមនឹងមានការគាំទ្រពីភ្ញៀវទេសចរ លើធនធានធម្មជាតិ, កត្តាផ្លូវ, ចំណតឡាន, ទឹកស្អាត, និងមជ្ឈមណ្ឌលព័ត៌មាន, សម្រាប់ភ្ញៀវទេសចរ ក៏ជាតម្រូវការអភិវឌ្ឍបន្ថែមទៀត របស់សហគមន៍ ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNUVoQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--33456f28467d33a77539d21fa523cd082a1e2505/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_2644.jpeg)
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់កាបូន នឹងជួយដល់ការអភិ វឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNUloQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ba861b2d1d5064e0054f4395c9673208addc9872/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_2643.jpeg)
គួររម្លឹកដែរថា ការជំរុញឱ្យមានការដាំដើមឈើ ដើម្បីឱ្យប្រជាសហគមន៍ទទួល បានប្រាក់ចំណូល ពីការលក់កាបូននេះ គឺជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ដែលអនុវត្តន៍ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងគោលដៅយុទ្ធសាស្រ្តទាំងប្រាំ ត្រង់ចំណុចទី១ ដែលធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧ភាគរយ ប្រកប ដោយភាពធន់ និងវិបត្តិនានា។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNDhoQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--037411f95ea724cfd4f560621a10dba9207b4283/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_2642.jpeg)
សូមបញ្ជាក់ដែរថា សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាន តាមប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៣នេះ និងមានសមាជិកចំនួន ១៧៧គ្រួសារ រស់នៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។ សហគមន៍មានផ្ទៃដីសរុបចំនួន ៩៧,៣ហិកតា ដែលមានសក្តានុពលធម្មជាតិ ដូចជា ព្រៃឈើ, ព្រៃកោងកាង, ទឹកធ្លាក់, ទេសភាពតាមដងព្រែក, ភូមិបុរាណ, រួមនឹងការនេសាទសមុទ្រ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរមកទស្សនាជាបន្តបន្ទាប់ ៕ដោយអ៊ាង ប៊ុនរិទ្ធ, សម្រួលផ្សាយ៖ DARA
No comments