ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ WWW.SCHOTNEWS.COM : ទំនាក់ទំនងតាមរយៈលេខ៖ 095 800 001​ / 071 624 3333 / 093 777 522

Breaking News

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន

ដោយ :www.schotnews.com

កំពង់ធំ :ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកថវិកាធានារ៉ាប់រងសង្គមចំនួនជាង ១១០ ៧៤៦ ៦៨០រៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលីចំនួន ១៤គ្រួសារ រស់នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ ។

ពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋានគ្រួសារសពឈ្មោះ សំ ឡែម នៅភូមិក្រចាប់ សង្កាត់អាចារ្យ លាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រសៀលថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។

លោកស្រី កែវ ចន្ឋូ ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជនខេត្តកំពង់ធំ បានជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារនីមួយៗត្រូវទទួលបាន ទៅតាមឋានន្តរសក្តិ និងអតីតភាពការងាររបស់សពអតីតយុទ្ធជននីមួយៗ ដែលត្រូវបានទទួលថវិកាធានារ៉ាប់រងសង្គមនៅពេលនេះ ។

លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ធំ បានមានមតិសំណេះសំណាល និងបានណែនាំដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ក្នុងការប្រើប្រាស់ថវិកា ដើម្បីបង្កើតជាមុខរបររកទទួលទានចិញ្ចឹមជីវិត និងក្រុមគ្រួសារ ក្នុងការកសាងជីវភាព ឱ្យទទួលបាន នូវការរីកចម្រើនរុងរឿង និងសុភមង្គលក្នុងក្រុមគ្រួសារនីមួយៗ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន ព្រមទាំងសូមបួង សួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនទាំងនោះ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ឧត្ដមសេនីយ៍ទោ បានបន្តថា ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម សម្ដេចបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ពីសុខទុក្ខបងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ពីព្រោះបងប្អូនអតីតយុទ្ធជន បានចូលរួមចំណែកធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា ថវិកាធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ។ ដូច្នេះសំណូមពរដល់គ្រួសារសពអតីតយុទ្ធជនយើង ត្រូវខិតខំប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិត ដោយសុចរិតទៀងត្រង់ និងស្របតាមច្បាប់កំណត់ ៕ដោយស៊ុម វណ្ណា, ផ្សាយដោយ៖ dara

No comments